សូមស្វាគមន៏មកកាន់ គេហទំព័រសមាគម មនុស្សធម៏ខ្មែរក្រោម ប្រទេសបារាំង​​​ Bienvenue sur le site de l'Association aide humanitaire khmer krom de france Blogger Tricks

ពិធីបុណ្យផ្សេងៗ


ពិធី​បុណ្យ​កឋិន


ខុសប្លែក​ពី​បុណ្យ​ដ៏​ទៃ ដោយហេតុ​អ្វីខ្លះ?

ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ដែល​ប្រជាជន​ខ្មែរ​យើង​ទូទាំងប្រទេស ដែល​តែងតែ​គោរពបូជា ប្រតិ​ប​ត្ដិ​យ៉ាង​យក​ចិ​ត្ដ​ទុក នេះ​ក៏​ដោយសារតែ​ប្រជាពលរដ្ឋ​ខ្មែរ​យើង មាន​ជំនឿ​ទៅលើ​ផល​បុណ្យ ផល​បាប ដែលជា ទង្វើ​ដែល​ខ្លួន​បានធ្វើ គឺ​ធ្វើ​ល្អ​បានល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ ។ ជាមួយគ្នានេះ​ផងដែរ ព្រះពុទ្ធសាសនា បាន​ដើរតួ យ៉ាងសំខាន់​នៅក្នុង​ការអប់រំ​មនុស្ស​ដែល​រស់នៅ​ក្នុងសង្គម​ទាំង​ផ្លូវកាយ ទាំង​ផ្លូវ​ត្ដ ដើម្បីឱ្យ​មនុស្ស​ទទួលបាន​នូវ​សេចក្ដីសុខ ។ លើសពីនេះ អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ នៅក្នុង​ព្រះពុទ្ធសាសនា​មាន​ពិធីបុណ្យធំៗ ជាច្រើន​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​តែងតែ ប្រារឰធ្វើឡើង ជា​រៀងរាល់ឆ្នាំ និង​រដូវ​កាលដែល​បានកំណត់។

ដើម្បី​រួមចំណែក​ចូលរួម​អភិរក្ស​អក្សរសាស្ដ្រ​ជាតិ ក្នុង​មាន​យើងខ្ញុំ​បាទចងក្រង  អត្ថបទ​សង្ខេប​ដែលមានអត្ថន័យខ្លះៗ ដែល​ពាក់ព័ន្ធ​ទៅ​និង​ពិធី​បុណ្យកឋិន ជា​បុណ្យប្រពៃណី ខ្មែរ​យើង តែងតែ​ប្រារឰធ្វើឡើង ជា​រៀងរាល់ឆ្នាំ ។ តើ​បុណ្យកឋិន​មាន​ភាព ខុសពី​បុណ្យ​ដទៃ ? តើ​បុណ្យកឋិន មាន​ភាព​ខុសពី​បុណ្យ​ដទៃ? តើ​គេ​ច្រើន​ប្រារឰឡើង​នៅ​រដូវ​ណា? ហើយ​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ ? ចាប់ពី​ថ្ងៃ​ណា ដល់​ថ្ងៃ​ណា?

តាម​ការបង្ហាញ​ពី​សៀវភៅ​បុណ្យ​ទំនៀមទម្លាប់​ខ្មែរ ទាំង១២ ខែ​បាន​បង្ហាញថា ៖

បុណ្យ កឋិនទាន គឺជា​បុណ្យ​មួយ ដែល​ប្រជាជន​ខ្មែរ​ប្រារឰធ្វើ​ឡើយ​ក្នុងពេល​កំណត់​មួយ គឺមាន​ចំនួន ២៩ ថ្ងៃ ចាប់ពី​ថ្ងៃ ១ រោច ខែអសុ​ជ្ស រហូតដល់​ថ្ងៃទី ១៥ កើត​ពេញ​បូរ​មី ខែ ក​ត្ដិក ។ ហើយ​បុណ្យ កឋិន​មាន​លក្ខណៈ ខុសប្លែក ៥ យ៉ាង​អំពី​បុណ្យ​ដទៃផ្សេងៗ និង​ក្លាយជា​បុណ្យ​ដ៏​មាន​សារៈ សំខាន់​នៅក្នុង​វត្ដ​ពុទ្ធសាសនា និង​នៅក្នុង ចំណោម​ពុទ្ធបរិស័ទ​ទូទៅ ។
លក្ខណៈ​ប្លែក ៥ យ៉ាង​គឺ ៖
១-ប្លែក​ដោយ​កាល

ព្រះពុទ្ធ ទ្រង់​អនុញ្ញាត​កឋិន​កាល មានតែ​ចំនួន ២៩ ថ្ងៃ គឺ ៖ ១៤ ថ្ងៃ​ក្នុង​ខែអស្សុជ (កំណត់​ពីថ្ងៃ១ រោច រហូតដល់​ថ្ងៃ ១៤ រោច ឬ​ខែ​ដាច់) និង១៥ ថ្ងៃ​ក្នុង​ខែ​ក​ត្ដិក (កំណត់​ពីថ្ងៃ១ កើត ដល់​ថ្ងៃ ១៥ កើត ពេញ​បូរ​មី)។ រយៈពេល​នេះ ហៅ​តាម​ពាក្យ​សាមញ្ញ​ថា “ រដូវ​កឋិន” ។ បុណ្យកឋិន​ធ្វើបាន​តែម្ដង​គត់ ក្នុង​មួយឆ្នាំ សម្រាប់​វត្ដ មួយ និង​ត្រូវ​ធ្វើតាម​ពេល​កំណត់​មិនមាន​មុន និង​មិនមាន​ក្រោយ ។ ភិក្ខុ​អាច​ទទួល​សំពត់​កឋិន​បាន តែមួយ​ដង​គត់ ក្នុង​មួយ​រដូវ​កឋិន ។
២-ប្លែក​ដោយ​វត្ថុ

សំពត់ ដែលជា​អង្គ​កឋិន នោះ​មាន ៖ ស្បង់​ចីវរ និង​សង្ឃាដី ដែល​បានធ្វើ​ត្រឹមត្រូវ​តាម​ពុទ្ធា​បញ្ញត្តិ ។ យោង តាម​វិន័យ​បញ្ញត្តិ ទោះបីជា​ទាយក ឬ​ទាយ​កា នាំ​សំពត់​មួយ​ត្រៃ​មក​ប្រគេន​ភិក្ខុសង្ឃ ក៏​ភិក្ខុសង្ឃ​អ្នក​ក្រាល​គ្រង លោក​រើសយក​តែមួយ​មុខ មក​ធ្វើជា​អង្គ​កឋិន ។តាម​ធម្មតា ភិក្ខុ​ច្រើនតែ​រើសយក​សង្ឃាដី​ធ្វើជា​អង្គ​កឋិន ពីព្រោះ សង្ឃាដី​ជា​សំពត់​ធំជាងគេ​បង្អស់​ក្នុង​ត្រៃចីវរ ហើយ​អាច​ប្រើ​សម្រាប់​ដណ្ដប់​ដូចជា​ភួយ នៅពេល​រងា​ក៏បាន ។
៣-ប្លែក​ដោយ​អំពើ

តាម ទំនៀមទម្លាប់ ពុទ្ធបរិស័ទ​តែងតែ​មានជំនឿថា ការធ្វើ​បុណ្យ​ចំពោះ​ភិក្ខុ​មួយអង្គ ៗ ពុំ​សូវ​មាន​អា​និ​សង្ឃ​ច្រើន ដូចជា​ធ្វើ​នឹង សង្ឃទេ (សង្ឃ​សំដៅយក​ភិក្ខុ​ចំនួន​ពី៤ អង្គ​ឡើងទៅ)។ យោងតាម​វិន័យ​បញ្ញត្តិ​អង្គ កឋិន​អាច​វេរ​ប្រគេន​ចំពោះ​សង្ឃ យ៉ាងហោចណាស់ ក៏មាន​វត្ដ​មាន​ភិក្ខុ៥ អង្គ​ដែរ ដើម្បីឱ្យ​កើតជា​កឋិន​ពេញ លក្ខណៈ​បាន ។

៤-ប្លែក​ដោយ​ប​ដិ​គ្ប​ដិ​ការ​គាហកៈ (ដោយ​អ្នកទទួល)

មានតែ ភិក្ខុ​ទេ ដែល​អាច​ទទួល​សំពត់​កឋិន​បាន (រីឯ​សាមណេរ និង​អ្នក​ដ៏​ទៃ​ទទួល​ពុំបាន)។ ភិក្ខុ​នោះ​ត្រូវ តែ​គង់​ចាំ​វស្សា​គម្រប់ ៣ ខែក្នុង​វត្ដ ឬ​អាវាស​ណាមួយ ។ ភិក្ខុ​មិនបាន​គង់​ចាំ​វស្សា​គ្មាន​សិទ្ធ​ទទួល​អង្គ​កឋិន​ទេ ។
៥-ប្លែក​ដោយ​អនិស​ង្ឃ

នៅក្នុង ការធ្វើ​បុណ្យកឋិន ទាយក និង​ទាយ​កា តែង​ទទួលបាន​អនិស​ង្ឃ​ច្រើន ។ យោងតាម​វិន័យ​បិដក ភាគ៨ ត្រង់​កឋិន​ក្ខ​ន្ធ​កៈ ភិក្ខុសង្ឃ​ដែលជា​អ្នក​អនុមោទនា និង​ក្រាល​គ្រង​កឋិន ត្រូវបាន​ទទួល​អនិស​ង្ឃ ៥ យ៉ាង ក្នុង​រយៈពេល ៥ ខែ ។ អា​និ​សង្ឃ​ទាំង ៥ យ៉ាងនោះ​គឺ ៖

(១)-អនាម​ន្ដ​ចា​រោ ៖ ភិក្ខុ​ត្រាច់​ទៅកាន់​ទី​ដទៃ ដោយ​មិនបាច់​លា​ភិក្ខុ​ផង​គ្នា​បាន និង​មិន​មានទោស (ត្រូវ​អាបត្តិ) ឡើយ ។

(២)-អ​សមាន​ទាន​ចា​រោ ៖ ភិក្ខុ​ត្រាច់​ទៅដោយ​មិនបាច់​យក​សំពត់​ណាមួយ ឬ​ត្រៃចីវរ​គ្រប់​ប្រដាប់ ជាប់​ជាមួយ​បាន ។

(៣)-គណ​ភោ​ជ​នំ ៖ ភិក្ខុ​អាច​ឆាន់​គណ​ភោ​ជ​នំ​បាន ។

(៤)-យាវ​ន​ត្ថ​ចីវ​រំ ៖ ភិក្ខុ​អាច​ទុក អតិរេកចីវរ (ចីវរ​ដែល​លើស​អំពី​សេចក្ដីត្រូវការ)ចំនួន​ប៉ុន្មាន ក៏បាន ។

(៥)-យោ ច ត​ត្ថ ចីវ​រុ​ប្បា​នោ សោ នេ​សំ ភ​វិ​ស្សិ​តិ ៖ ចីវរ​ណា​កើតឡើង​ក្នុង​អាវាស នោះ ចីវរ​នោះ​នឹងមាន​ដល់​ភិក្ខុ​នោះ។

វិន័យ បិដក ភាគ៨ កឋិន​ក្ខ​ន្ធ​កៈ បាន​ចែក​អំពី​ប្រភព​នៃ​បុណ្យកឋិន​ថា ៖ “ នៅក្នុង​សម័យ​ពុទ្ធកាល ព្រះ សម្ពុទ្ធ​ជា​ម្ចាស់ ទ្រង់​ពុទ្ធានុញ្ញាត ឱ្យ​ភិក្ខុ​ប្រើប្រាស់​តែ​បង្សុកូល​ចីវរ ទ្រង់​ពុំទាន់​បានអនុញ្ញាត ឱ្យប្រើ​គហបតី​ចីវរ​នៅ ឡើយ ។

សម័យ​កាលនោះ នៅក្នុង​រវាង​មជ្ឈិមពោធិកាល ព្រះពុទ្ធ​កំពុង​គង់​ចាំ​ព្រះវស្សា ក្នុង​វត្ដ​ជេតពន ដែលជា អារាម​របស់​អនាថ​ប​ណ្ឌិ​ក​សេដ្ឋី​សាង​ថ្វាយ នៅ​ទៀប​ក្រុង​សាវត្ថី ។ ត្រា​នោះ មាន​ភិក្ខុ ៣០រូប ឈ្មោះថា ភ​ទ្ទ​វ​គ្គិ​ត្ថេ​រ ក្នុង​ដែន​បា​ថេ​យ្យ ជា​អ្នកប្រព្រឹត្ត​ធម៌​នៅក្នុង​ព្រៃ ។ល។ បាននាំគ្នា​និមន្ត​ចេញ​អំពី​ទីនោះ មកកាន់​ក្រុង សាវត្ថី ដើម្បី​ចូលគាល់​បម្រើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ។ ប៉ុន្តែ​ភ​ក្ខុ​ទាំងអស់ បាន​មកដល់​តែត្រឹម​សាកេ​ត (ភូមិ​មួយ​ជាប់ នឹង​ទីក្រុង​សាវត្ថី) ស្រាប់តែ​ថ្ងៃ​ចូល​វស្សា​ក៏​មកដល់នឹង​ស្រូត​មកទៀត​មិនទាន់ ក៏​នាំគ្នា​ផ្អាក​ធ្វើដំណើរស្វែងរក​ទី សេនាសនៈ​នៅចាំ​វស្សា ៣ ខែ នា​ពាក់​កណ្តាលផ្លូវ​នោះ​តែម្ដងទៅ។ ភិក្ខុសង្ឃ​ទាំង ៣០ រូប​មាន​សេចក្ដី​អផ្សុក កើត ទុក្ខ​តូច​ព្រះទ័យ​ជាខ្លាំង ដោយ​គិត​ឃើញថា ព្រះ​ភាគ​ទ្រង់​គង់នៅ​ទីនោះ ចម្ងាយ​តែ៦យោជន៍​ទៀត​សោះ មិន​សម យើង​ទាំងឡាយ​ស្កុនដំណើរ មិនបាន​គាល់​បម្រើ​ព្រះអង្គ​ដូច​បំណង​សោះ ។

លុះដល់ ថ្ងៃ​ចេញ​វស្សា បវារណា​ស្រេច​ហើយ ភិក្ខុ​ទាំងអស់​ក៏​នាំគ្នា​ប្រញាប់​ចូលទៅ​កាន់​ក្រុង​សាវត្ថី ។ នៅ ទីនោះ​ភិក្ខុសង្ឃ​ទាំងអស់​បាន​ចូលធ្វើ​សា​វនា​ការ​ជាមួយនឹង​ព្រះពុទ្ធ ដោយមាន​ស្បង់​ចីវរ​ទទឹកជោក ។ ព្រះ​មាន​ព្រះ ភាគ​ទ្រង់​មានបន្ទូល​រាក់ទាក់​ទៅកាន់​ភិក្ខុ​ទាំងនោះ​ថា ៖ “ ម្នាល​ភិក្ខុ​ទាំងឡាយ សរី​យន្ដ​របស់​អ្នក​ទាំងឡាយ​លម្ម អត់សង្កត់​បាន ឬទេ ? ល្មម​ប្រព្រឹត្ដទៅបាន​ឬទេ? តើ​អ្នក​ទាំងឡាយ​មាន​សេចក្ដី​ព្រមព្រៀង​ស្មោះស្មើ ឥតមាន​វិវាទ ទាស់ទែង​គ្នា ទេ​ឬ? អ្នក​ទាំងឡាយ​នៅចាំ​វស្សា​សោត ស្រួលបួល​មិន​លំបាក​ដោយ​អាហារបិណ្ឌបាត ទេ​ឬ?

ភិក្ខុ​ទាំងឡាយ​នោះ ក៏​ក្រាបបង្គំ​ទូល នូវ​សេចក្ដី​លំបាក​របស់ខ្លួន ដែល​មានមក​តាមផ្លូវ​ដោយ​សព្វគ្រប់ តាម​ដំណើរ ។

លំដាប់ នោះ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សម្ដែង​ធ​ម្មឹក​កថា ប្រារឰ​អំពី​សង្សារវដ្ដ​មិនមាន​ទីបំផុត ប្រោស​ប្រទាន ដល់​ភិក្ខុ​ទាំងនោះ ។ លុះ​ចប់​ធម៌​ហើយ ភិក្ខុ​ទាំងអស់នោះ បានជា​ព្រះអរហន្ត​ទាំងអស់​អង្គ រួច​ហើយក៏​នាំគ្នា ក្រាប ថ្វាយបង្គំ​លា​ព្រះ​សម្ពុទ្ធ វិល​ទៅកាន់​លំនៅ​របស់ខ្លួន​វិញ ។

បន្ទាប់​អំពី​នោះមក ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​តម្រិះ​ថា បើប្រសិន​ជា​តថាគត​បា​ន​តែងតាំង​កឋិន​ត្ថា​រ​កិច្ច ទុក មកពី​គ្រា​មុន ម្លេះ​សម​ភិក្ខុ​ទាំងឡាយ​នោះបាន​លះ​ចីវរ​មួយ​ទុក​នៅ​កន្លែង​ជាប់​មក​តែ ស្បង់​ចីវរ​ប៉ុណ្ណោះ មាន​អត្ថ​ភាព ស្រាល​មិន​លំបាក​យ៉ាងនេះ​សោះឡើយ ។ហើយ​កឋិន​ត្ថា​រ កិច្ច​នេះ​ព្រះពុទ្ធ​រាល់​ព្រះអង្គ ក៏​តែង​អនុញ្ញាត​ទុក​ដល់ សាវក​ពុំដែល​លះបង់​ផង ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ព្រះ ដូច្នេះហើយ ទើប​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក រួច​ហើយក៏​ទ្រង់​អនុញ្ញាត​កឋិន​ត្ថា​រ​កិច្ច ដោយ​ព្រះពុទ្ធដីកា​ថា ៖

អនុជា នា​មិ វេ វ​ស្សំ វុ​ដ្ឋា​នំ ភិក្ខុ​នំ ក​ឋិ​នំ។ អត្ថ​រិ​តុំ អត្ថ​តំ កឋិន​ទា​នំ វោ ក្ខ​វេ បញ្ច ស្សន្ដិ ។ “ ប្រែ​ថា ” ម្នាល​ភិក្ខុ​ទាំងឡាយ​តថាគត​អនុញ្ញាតឱ្យ​ភិក្ខុ​ទាំងឡាយ ដែល​បាន នៅចាំ​វស្សា​រួចហើយ​ទទួល​ក្រាល​គ្រង​កឋិន ។ ម្នាល​ភិក្ខុ​ទាំងឡាយ ! កាលបើ​ភិក្ខុ​ទាំងឡាយ​បាន​ក្រាល​គ្រង​កឋិន ហើយ នឹង​បានសម្រេច​អានិសង្ស ៥ ប្រការ ” ។ បន្ទាប់មក​ព្រះសម្មាសម្ពុទ្ធ ទ្រង់​អនុញ្ញាត ឱ្យ​ភិក្ខុ​ទទួល​ស្បង់​អំពីពុទ្ធបរិស័ទ និង​គហបតី​ទាំងឡាយ ក្នុងពេល​មួយខែ កំណត់​ពីថ្ងៃ ១ រោច ខែអស្សុជ រហូតដល់​ថ្ងៃទី ១៥ កើត​ពេញ បូរ​មី ខែ​ក​ត្ដិក(រវាង​ពាក់កណ្ដាល​ខែតុលា រហូតដល់​ពាក់កណ្ដាល​ខែវិច្ឆិកា)។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ព្រះ​មេ​ត្ដា ប្រោស​អនុញ្ញាត ភិក្ខុសង្ឃ​ដែល​អនុមោទនា និង​ក្រាល​គ្រង កឋិន​នោះ បានទទួល​អានិសង្ស ៥ ប្រការ។ ជន​មាន សទ្ធា ដែល​បានធ្វើ​កឋិនទាន មាន​ឈ្មោះថា ជា​អ្នក​បាន​គោរព​នូវ​ព្រះពុទ្ធដីកា ដែល​ទ្រង់​បាន​អនុញ្ញាតឱ្យ​ភិក្ខុសង្ឃ បានទទួល​អា​និ​សង្ឃ ៥ ប្រការ​ផង ជា​អ្នក​មានចិត្ត​អាណិតអាសូរ​ចំពោះ​ភិក្ខុសង្ឃ ដែល​គង់​ចាំ​វស្សា​អស់​មួយ​ត្រៃ មាស​នោះ​ផង និង​ជា​អ្នក​ត​អាយុ​ព្រះពុទ្ធសាសនា​អស់កាល​ជា​យូរអង្វែង​ទៅ​ផង ។

ព្រះ សម្ពុទ្ធ​ទ្រង់​សំដែង​ថា “ សុខ​ស្ស ទា​តា មេធាវី សុ​ខំ សោ អធិគ​ច្ឆ​តិ ។ “ ប្រែ​ថា ”ជន ដ៏​មាន​ប្រាជ្ញ​ណាមួយ បានធ្វើ​នូវ​សេចក្ដីសុខ​ស្រួល (ដល់​អ្នក​ដ៏​ទៃ) ជន​នោះឯង រមែង​បាន​ជួប​ប្រ​ទៈ​នឹង​សេចក្ដីសុខ ស្រួល​ជា​ពិតប្រាកដ​ពុំខាន​ឡើយ ។ ” សេចក្ដីអធិប្បាយ​យ៉ាងនេះ​ថា ជន​ណា​បានធ្វើ​កឋិនទាន ដែលនាំឱ្យ​ព្រះ​ភិក្ខុ សង្ឃ បាន​អនិស​ង្ឃ ៥ យ៉ាង​ក្នុង​រវាង៥ ខែ បាន​ឈ្មោះថា ជា​អ្នក​ឱ្យ​សេចក្ដីសុខ​ស្រួល​ដល់​អ្នក​ដ៏​ទៃ នៅក្នុង​បច្ចុប្បន្ន ជាតិ ជន​នោះឯង​តែងតែបាន​សុខ ក្នុង​មនុស្សលោក​និង​ទេវលោក ក្នុងពេល​អនាគត។ ដោយ​អំណាច​ផល្លា​និ​សង្ឃ​នៃ កឋិនទាន​នោះ ក្នុង​អនាគតកាល ជន​នោះ នឹង​បានជា​ឯ​ហិ​ភិក្ខុនី ដែលមាន​ត្រៃចីវរ​កើតឡើង​ឯកឯង ដោយ​ឬ​ទ្ធិ នៅ ពេល​បុព្វ​ជ្ជា ជា​បុព្វ​ជិត​ក្នុង​សាសនាព្រះពុទ្ធ​អង្គ​ណាមួយ ហើយក៏​នឹង​បានសម្រេច​មគ្គផល និព្វាន​ក្នុងពេល​បុព្វ​ជ្ជា​នោះ ជា​ពិតប្រាកដ​ពុំខាន​ឡើយ ។

តាំងពី​ពេលនោះ​មក បុណ្យកឋិន​បានក្លាយ​ជា​បុណ្យ​ទំនៀមទម្លាប់​របស់​ពុទ្ធ​បរិស័ទ ដើម្បី​បំពេញ​នូវ​សេចក្ដី ត្រូវការ​ស្បង់​ចីវរ​ដ៏​វិសេស​នេះ ។

វេលា រាត្រី​មុន​ថ្ងៃបុណ្យ​កឋិន ទាយក ទាយ​កា ម្ចាស់ដើមបុណ្យ និង​ញាតិ​មិត្រ នាំគ្នា​យក​ត្រៃចីវរ និង គ្រឿង​បរិក្ខារផ្សេងៗ ទៅកាន់​វត្ដ​អារាម ដែល​គេ​បាន​ទាក់ទង​ស្និទ្ធស្នាល រួចមកហើយ និង​ធ្វើ​កុសលខ្លះៗ ដូចជា ថ្វាយ​ប​ង្ថ្វា​យ​បង្គំ​គុំ​ព្រះ​រតនត្រ័យ អារាធនា​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិ​ត្ដ និង​ស្ដាប់​ព្រះសង្ឃ​សម្ដែង​ធម្មទេសនា (ស្ដីអំពី​អា​និ សង្ឃ​កឋិន)។

លុះ ព្រឹកស្អែក​ឡើង ទាយក ទាយ​កា និង​ពុទ្ធបរិស័ទ ម្ចាស់ដើមបុណ្យ​នាំគ្នា​តៅ​កាន់​វត្ដ​ម្ដងទៀត ។ គេ ប្រារឰ​ពិធី​ថ្វាយបង្គំ​ព្រះ​រតនត្រ័យ សមាទានសីល ៥ ឬ​សីល ៨ ដាក់​បាត្រ ប​ង្សុ័​កូ​ល និង​វេរ​ភ​ត្ដ​ប្រគេន​ព្រះសង្ឃ។

បន្ទាប់ពី​ថ្ងៃត្រង់ ទាយក និង​ទាយ​កា ម្ចាស់ដើមបុណ្យ ព្រម​ទាង​ញាតិ​មិត្រ នាំគ្នា​ទូល​ពាន​ត្រៃចីវរ និង​កាន់ ទ្រ​នូវ​គ្រឿង​បរិក្ខារ​ជា​បរិវារ​កឋិន ផ្សេងៗ ដើរ​ប្រទក្សិណ​ព័ទ្ធជុំវិញ​រោង​ឧបោសថ ( ឬ​ព្រះវិហារ ) ចំនួន៣ ជុំ។ អ្នក​ទាំងអស់​ត្រូវបាន​នាំមុខ​ដោយ​ក្រុម​ភ្លេង​ឆៃយ៉ាំនិង​ភិក្ខុ​សូត្រធម៌ ព្រមទាំង​មាន​ពុទ្ធបរិស័ទ​ទាំង​ហ្វូង​ដង្ហែ​តាម ពីក្រោយ។

បន្ទាប់មក ត្រៃចីវរ និង​គ្រឿង​បរិក្ខារ​ជា​បរិវារ​កឋិន ត្រូវបាន​វេរ​ប្រគេន​ចំពោះ​ភិក្ខុសង្ឃ ដោយ​អនុលោម តាម​ក្បួន និង​ទម្រង់​ការដែល​បាន​បញ្ញត្តិ​ទុក​មក ។

ពេល​ពិធី​វេរ​អង្គ​កឋិន បាន​ចប់សព្វគ្រប់​ហើយ គឺជា​នាទី​របស់​សង្ឃ ដើម្បី​ជួបជុំគ្នា​ជាថ្មី​ឡើងវិញ នៅក្នុង រោង​ឧបោសថ ឬ​ព្រះវិហារនិង​ដើម្បី​ប្រារឰ​ពិធី​ឆ្លង​កឋិនទាន (សម្ពោធ​កឋិន) ទៅតាម​វិន័យ​បញ្ញត្តិ ។

តាម ធម្មតា គ្រូ​ចៅអធិការ ឬ​ថេរ​ភិក្ខុ នៅក្នុង​វត្ដ​ត្រូវធ្វើ​សំណូមពរ​ឱ្យមាន​ភិក្ខុ​មួយរូប ជា​តំណាង​សង្ឃ ដើម្បី​អនុមោទនា និង​ក្រាល​គ្រង​អង្គ​កឋិន ។ ជាយថាហេតុ ភិ​ក្ខុ​អង្គណា​ដែលមាន​ស្បង់​ចីវរ​រហែក​ដាច់ នឹងត្រូវ ជ្រើស​ឡើង ។ រោង​ឧបោសថ ឬ​ព្រះវិហារ គឺជា​កន្លែង​សម្រាប់ធ្វើ​សង្ឃកម្ម​ពិសេស (សម្ពោធ​កឋិន)នេះ ។ ពិធី​នេះ ដោយឡែក​សម្រាប់តែ​សង្ឃ ពួក​គ្រហស្ថ​មិនអាច​ចូលរួម​ជាមួយ​បានឡើយ ។

ពុទ្ធបរិស័ទ​មានជំនឿថា ការធ្វើ​បុណ្យកឋិន នៅ​វត្ដ​ដែលមាន​ព្រះវិហារ​បញ្ចុះសីមា​រួចហើយ ទើបបាន​អ​និ សង្ឃ​ច្រើន ។

នៅ​ប្រទេស​ខ្មែរ បុណ្យកឋិន គឺជា​បុណ្យ​សប្បាយ​អឹកធឹក មាន​ពណ៌​ចម្រុះ​ឆើតឆាយ មាន​ទិដ្ឋភាព​ជា​បុណ្យ ពុទ្ធសាសនា​យ៉ាង​មហោឡារិក ។

ជាការ​ពិតណាស់ បុណ្យកឋិន គឺជា​ឱកាស​មួយ សម្រាប់​បណ្តុះបណ្តាល​អំពើ​ល្អ និង​គុណធម៌ នៅក្នុង​ដួងចិត្ត យើងគ្រប់ៗ គ្នា ។

ចងក្រង​ដោយ​  បណ្ឌិត ថាច់ មុនី

.....................................................,,,....................................................



ពាក្យ​ថា​ “ភ្ជុំ​បិណ្ឌ

ជា​ពិធី​បុណ្យ​សាសនា​​ធំ​​មួយ​ ក្នុង​ចំណោម​ពិធី​បុណ្យ​ធំៗ​ដទៃ​ទៀត​នៃ​ព្រះរាជ​ពិធី​ទ្វាទសមាស​ ប្រជារាស្ត្រ​ទូទាំង ព្រះ​រាជា​ណាចក្រ​កម្ពុជា ​តាំង​ពី​បុរាណ​រៀង​មក។ វិធី​បុណ្យ​នេះ​ ត្រូវ​បាន​​​ប្រារព្ធ​ឡើង​ ដោយ​​មិនដែល​​មាន​ការ​​អាក់ខាន​ឡើយ។ ​ចាប់​ពី​ថៃ្ង ​១រោច​ ខែ​ភទ្របទ​ រហូត​ដល់​ថៃ្ង​ទី​១៥​រោច មាន​រយៈ​ពេល ១៥​ថៃ្ង​។ ចំពោះ​បិណ្ឌ1, បិណ្ឌ2 …​​រហូត​​ដល់​បិណ្ឌ​១៤​គឺ​ជា​ថ្ងៃ​កាន់​បិណ្ឌ​​ (ថ្ងៃ​ដាក់​បិណ្ឌ)។ ចំណែក​នៅ​ថៃ្ង​បញ្ចប់​​គេ​ហៅ​ថា​​ថៃ្ង​ “ភ្ជុំបិណ្ឌ”។ ថ្ងៃ​ចុង​ក្រោយ​ គេ​ហៅ​ថា​​​​ភ្ជុំ​បិណ្ឌ​ព្រោះ​​ ​អ្នក​ស្រុក​​តែង​មក​​ប្រជុំ​គ្នា​ធ្វើ​បុណ្យ​​ក្នុង​វត្ត​គ្រប់​ៗ​គ្នា។

បុណ្យ​ភ្ជុំបិណ្ឌ​​​ជា​បុណ្យ​បែប​ព្រះពុទ្ធសាសនា។​ ​នៅ​ពេល​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​​មក​ដល់​ ​បងប្អូន​កូន​ចៅ​ សាច់​ញាតិ​សន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេស​ឪពុក​ម្ដាយ​ ដើម្បី​រៀបចំ​ម្ហូប​អាហារ​ បាយ​សម្ល​ ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​អារាម។

“បិណ្ឌ” ​មាន​ន័យ​ថា​ម៉េច?
ពាក្យ​ថា​ “ភ្ជុំ​បិណ្ឌ​” មក​ពី​ពាក្យ​ “ភ្ជុំ” រួម​គ្នា​ជា​មួយ​ពាក្យ​ “​បិណ្ឌ​” ដែល​មាន​ន័យ​ថា៖ (ភ្ជុំ) ​គឺ​​ការ​ប្រមូល​ផ្តុំ​ ឬ​ប្រជុំ​បិណ្ឌ។ រីបិណ្ឌ​ (ភាសាបាលី) ​មាន​ន័យ​ថា​ “ដុំបាយ​ ឬ​ ពំនូត​បាយ​” ដូចេ្នះ​ ​មាន​ន័យ​រួម​ថា​​ “ការ​ប្រជុំ​ ឬ​ប្រមូល​ផ្តុំ​ដុំ​បាយ” ​(ការពូតដុំបាយ​ជា​ដុំៗ​ ដែល​យើង​ហៅ​ថា​ “បាយបិណ្ឌ”)។

ភ្ជុំ​បិណ្ឌ​កើត​ឡើង​នៅ​ពេល​​ណា?
បើ​តាម​តម្រា​ចារ​ តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ កម្ពុជា​យើង​ បាន​បង្ហាញ​ថា​ ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​កើត​មាន​តាំង​ពី​បុរាណ​កាល​ ក៏​ប៉ុន្តែ​​ពុំ​ទាន់​មាន​ឯកសារ​​ណា​បញ្ជាក់​ច្បាស់​លាស់​​ ថា​​កើត​​នៅ​សម័យ​ណា​ ឬ​ឆ្នាំ​ណា​ឲ្យ​ប្រាកដ​នោះ​ទេ។ កាល​ពី​បរម​បុរាណ​ គេ​មិន​ហៅ​ថា​ បុណ្យ​ភ្ជុំ​ទេ​ ដោយ​នៅ​ក្នុង​ពិធី​នេះ​ គេ​មាន​បែង​ចែក​ចេញ​ជា​ពីរ​ថ្នាក់។​ ថ្នាក់​ដំបូង​ គឺ​គេ​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ថ្ងៃ​១​រោច​ រហូត​ដល់​ថ្ងៃ​១៤​រោច​ ជា​វារកភត្ត​ (ភត្ត​ធ្វើ​តាម​ថ្ងៃ)​ ជា​បន្ត​បន្ទាប់។​ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ​១៥​រោច​ ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ។​ ពិធី​បុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ​ បច្ចុប្បន្ន​ត្រូវ​បាន​គេ​​បូក​បញ្ចូល​គ្នា​ ហើយ​ហៅ​កាត់​ថា​ ពិធី​បុណ្យ​​ភ្ជុំ​បិណ្ឌ​នេះ​ឯង​។

រឿង​ទាក់​ទង​នឹង​បុណ្យ​ភ្ជុំបិណ្ឌ
អ្នក​ប្រាជ្ញ​ បាន​បង្កើត​ឲ្យ​មាន​គម្ពីរ​ ៣ ដែល​ទាក់​ទង​ទៅ​នឹង​ពិធី​បុណ្យ​កាន់​បិណ្ឌ​គឺ :
1.គម្ពីរបេតវត្ថុ: បកស្រាយ​ពី​រឿង​ប្រេត​ គម្ពីរ​អានិសង្ស​បិណ្ឌ​និយាយ​អំពី​ផល​នៃ​ការ​ធ្វើបុណ្យ
2.គម្ពីរ​ពិទ្យាធរ​ឬ​គម្ពីរ​វិជ្ជាធរៈ និយាយ​តំណាល​អំពី​ប្រពៃណី​របស់​ជាតិ​ខែ្មរ​ ដែល​ ជាប់​ទាក់ទង​មក​ដល់​សព្វ​ថៃ្ង
3.គម្ពីរ​វិមាន​វត្ថុ​ គម្ពីរ​ធម្មបទ ជា​ដើម​…។

បើ​តាម​គម្ពីរ​ “ពិទ្យាធរ​ ឬវិជ្ជាធរ” មាន​តំណាល​ថា កាល​នោះ​មាន​ ព្រះ​ថេរ​មួយ​អង្គ​ឈ្មោះ​ ព្រះ​ឧបគុត្តសេ្ថរ​ លោក​មាន​អំណាច​មាន​ឥទ្ធិពល​ច្រើន​​ណាស់ លោក​ក៏​បាន​និមន្ត​ទៅ​​​​ស្ថាននរក​ ដែល​ពោរពេញ​ដោយ​ ភ្លើង​ឆេះ​ សន្ធោ​សន្ធៅ​ក្ដៅ​ខ្លាំង ប៉ុនែ្ត​ដោយ​ឥទ្ធិពលរបស់លោក ក៏​មាន​​ផ្កាឈូក​រត័្ន​មួយ​ធំ​ ប៉ុន​កង​រាជរថ​ផុស​ចេញ​មក​​ រួច​លោក​ក៏​គង់​នៅ​លើ​ផ្កា​ឈូក​នោះ​ ហើយ​ផ្កាឈូក​នោះ​ ក៏​ហោះ​​កាត់​ស្ថាននរក​ ដែល​ធើ្វ​ឲ្យ​ព្រះអង្គ​ត្រជាក់​ស្រួល​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ភ្លើង​កម្តៅ​ស្ថាននរក​ឡើយ។

រី​ឯ​ពួក​សត្វ​នរក​វិញ​គ្រាន់​តែ​ដឹង​ថា​ ព្រះឧបគុត្តសេ្ថរ​លោក​ និមន្ត​ទៅ​ភ្លាម​ក៏​ធ្វើ​ឲ្យ​ពួក​សត្វ​នរក​ទាំង​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។ ពួក​សត្វ​នរក​ទាំង​នោះ​មាន​ការ​កោត​ខ្លាច​នូវ​ ភាព​អស្ចារ្យ​នេះ​យ៉ាង​ខ្លាំង​ ក៏​នាំ​គ្នា​ចុះ​មក​ អបអរសាទរ​ ហើយ​សួរ​អំពី​ ឬទិ្ធ​បារមី​របស់​ព្រះអង្គ ​លោក​ក៏​បាន​ ពន្យល់​ សម្ដែងធម៌​ទេសនា​ឲ្យ​ពួក​សត្វ​នរក​ទាំង​នោះ​ស្តាប់ ក្រោយ​មកលោក ក៏​បានលាត្រឡប់ មកស្ថាន​មនុស្ស​វិញ ហើយ​ពួក​សត្វ​នរក​ទាំង​នោះ​បាន​ផ្តាំផ្ញើ​ថា៖ “ទូល​ព្រះបង្គំ​ទាំង​អស់​គ្នា​សព្វ​ថៃ្ង​នេះ​លំបាក​វេទនា​ណាស់​ ណា​កម្ដៅ​ភ្លើង​នរក ណា​អត់​អាហារ​ មិន​ដែល​មាន​សាច់​សា​លោហិត​ណា​លើក​យក អាហារភោជន​ ឬ ​បច្ច័យបួន​មក​ឧបត្ថម្ភ​ខ្ញុំ​ម្តង​ណា​ទេ​ គឺ​ខ្ញុំ​អត់​ឃ្លាន​នោះ​ខ្លាំង​ណាស់​ រោគាព្យាធិ​ ជំងឺ​តម្កាត់​ក៏​មាន​ច្រើន​ដែរ អ៊ី​ចឹង​បើ​តេជគុណ​និមន្ត​ទៅ​ស្ថាន​មនុស្ស​លោកវិញ សូម​ព្រះតេជ​គុណ​មេត្តា​ផ្សព្វផ្សាយ​ឲ្យ​បងប្អូន​ញាតិមិត្ត​ ម៉ែ​ឪ​ ជីដូន​ ជីតា​ របស់​ខ្ញុំ​ធ្វើ​បុណ្យ​ និមន្ត​ព្រះសង្ឃ​មក​ដាក់​បិណ្ឌ​ ឬ​កាន់បិណ្ឌ​ផង​ រួច​ហើយ​ ផ្សព្វផ្សាយ​ពរ​សព្វ​សាធុការ​ផល្លានិ​សង្ឃ​បុណ្យ​ដាក់បិណ្ឌ​ដល់​ទូល​ ព្រះបង្គំ​ទាំង​អស់​គ្នា​ផង​ ដើម្បី​អោយ​បាន​ផល​ជួប​ឧបត្ថម្ភ​ឲ្យ​បាន​ឆែ្អត​ស្កប់​ស្កល់​បាត់​ទុក្ខ​វេទនា​តទៅ”។

ព្រះ​ឧបគុត្តតេ្ថរ​ ក៏​នាំ​យក​បណ្ដាំ​​ទាំង​នោះ​ទៅ​ក្រាប​បង្គំ​ទូល​សេ្តច​នា​ពេល​នោះ​ទៅ។ គ្រាន់​តែ​ថ្វាយ​ព្រះពរប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វ​ផ្សាយ​ដល់​ប្រជា​រាស្រ្ត​គ្រប់ៗគ្នា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឲ្យ​ប្រជារាស្ត្រ​ទាំង​អស់​ធ្វើ​បុណ្យ​ដាក់​បិណ្ឌ ឬ​កាន់​បិណ្ឌ​នៅ​ក្នុង​ រដូវ​វស្សា​ដោយ​ផ្តាំ​ផ្ញើ​ទៀត​ថា​ ឲ្យ​ធ្វើ​ចំ​នៅ​ថៃ្ង​ ១​រោច​ ខែ​ភទ្របទ​រហូត​ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ​ ឬ​ដាច់​ខែ​ដោយ​ហេតុ​នេះ​ហើយ​ដែល​ នាំ​ឲ្យ​មាន​ពិធី​កាន់​​បិណ្ឌ​ជា​ប្រពៃណី​ តាំង​ពី​ពេល​នោះ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

តើ​ហេតុអ្វី​​បាន​ជា​​គេ​និយម​​ធ្វើ​បុណ្យ​​ភ្ជុំ​បិណ្ឌ​ក្នុង​រនោច​ខែ​ភទ្របទ?
គម្ពីរ​នានា​​​ក្នុង​​ពុទ្ធសាសនា​​បាន​ចែង​ថា​ មនុស្ស​ដែល​ស្លាប់​ទៅ​​ តែង​ទៅ​កើត​ក្នុង​កំណើត​ផ្សេង​ៗ​ តាម​ផល​នៃ​កម្ម។ មនុស្ស​ចិត្ត​​អាក្រក់​ដែល​បាន​ធ្វើ​អំពើ​បាប​ផ្សេង​ៗ​ លុះ​ស្លាប់​ទៅ​តែង​តែ​ទៅ​កើត​ក្នុង​​កំណើត​​មួយ​ហៅ​ថា​ “ប្រេត”។ គម្ពីរ​មិលិន្ទបញ្ហា​សម្ដែង​ថា​ ប្រេត​មាន​បួន​ប្រភេទ​គឺ៖
ក. ​ប្រេត​ចិញ្ចឹម​ជីវិត​ដោយ​​ខ្ទុះ​ឈាម
ខ.​ ប្រេត​ដែល​ស្រេក​ឃ្លាន​អាហារ​​ជា​និច្ច
គ. ​ប្រេត​ដែល​ភ្លើង​ឆេះ​ជា​និច្ច
ឃ.ប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ផល​ដែល​បុគ្គល​​ដទៃ​​ឧទ្ទិស​​ឲ្យ

គឺ​ប្រេត​ទី​បួននេះ​ហើយ ​ដែល​គេ​តែង​​ធ្វើ​​បុណ្យ​​ភ្ជុំ​​បិណ្ឌ​ឧទ្ទិស​ផល​ឬ​សែន​ឲ្យ។ គេ​និយម​រើស​ចំ​ ថ្ងៃ​រនោច​ខែ​ភទ្របទ​ ព្រោះ​វេលា​នោះ​ ព្រះ​ចន្ទ​ពុំ​សូវ​មាន​ពន្លឺ​ខ្លាំង​ ហើយ​ចេះ​តែ​ងងឹត​ទៅ​ៗ។ ឱកាស​នេះ​ហើយ​ ដែល​យម​រាជ​​ដោះ​លែង​ពួក​ប្រេត​ទាំង​នោះ​​ ឲ្យ​មក​​រស់​នៅ​លាយ​ឡំ​ជា​មួយ​មនុស្ស​ ចំា​ទទួល​ភោគផល​ ដែល​បង​ប្អូន​ធ្វើ​បុណ្យ​ឧទ្ទិស​ឲ្យ​ព្រោះ​ពួក​ប្រេត​ខ្លាច​​ពន្លឺ​ណាស់។ ប្រសិន​បើ​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​ ពួក​ប្រេត​​បាន​ដើរ​រក​គ្រប់​ ៧​វត្ត​ នៅ​តែ​ពុំ​ឃើញ​មាន​បង​ប្អូន​ណា​ធ្វើ​បុណ្យ​បញ្ចូន​កុសល​ទៅ​ឲ្យ​ទេ​ ពួក​ប្រេត​​នោះ​នឹង​អត់​បាយ​ អត់​ទឹក​ ស្រេក​ឃ្លាន​​រ​ង​ទុក្ខ​វេទនា​​ក្រៃ​​លែង ហើយ​នឹង​ជេរ​​ប្រទេច​ផ្ដាសា​មក​ញាតិ​ទាំង​ឡាយ​ឲ្យ​​ទេ ពួក​ប្រេត​នោះ​នឹង​អត់​បាយ​អត់​ទឹក​ ស្រេក​ឃ្លាន​រង​ទុក្ខ​​វេទនា​ក្រៃ​លែង​ ហើយ​នឹង​ជេរ​ប្រទេស​ផ្ដាសា​មក​ញាតិ​ទាំង​ឡាយ​ឲ្យ​ហិន​ហោច​ទ្រព្យ​សម្បត្តិ​ ព្រាត់​ប្រាស់​ម្ដាយ​ ឳពុក​ ប្ដី​ប្រពន្ធ​ កូន​ចៅ​ ញាតិ​ផៅ​ទាំង​​​៧​សណ្តាន​ជា​ដើម។

ហេតុ​អ្វី​បាន​ជា​គេ​​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ?
ប្រជាជន​ខែ្មរ​ ក៏​តែងតែ​ចងចាំ​ និង​យល់​គ្រប់​ៗ​គ្នា​ថា​ “បុណ្យ​ភ្ជុំ​បិណ្យ” គឺ​ជា​ការ​ធ្វើ​បុណ្យ​ដាក់​បិណ្ឌ​​ ដើម្បី​ឧទ្ទិស​ដល់​បេត​បុគ្គល​ជា​ឪពុក​ម្តាយ ​បងប្អូន​ ញាតិ​សន្តាន​ទាំងឡាយ​ ដែល​បាន​ចែក​ស្ថាន​ទៅ​ ហើយ​មិន​ដឹង​ជា​ទៅ​ចាប់​កំណើត​នៅ​លោក​ខាង​មុខ​ជា​អ្វី​នោះ។ ប៉ុនែ្ត​បើ​ តាម​អត្ថបទ​របស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំ​មែន​មាន​ន័យ​តែ​ប៉ុណ្ណឹង​ទេ​ គឺ​លោក​បាន​បក​ស្រាយ​ដោយ​លើក​យក​អត្ថន័យ​ចំនួន​ ៣ គឺ​៖

1.ដើម្បី​ឧទិ្ទស​កុសល​ចំពោះ​បេត​បុគ្គល​ ឬ​ប្រេត​បុគ្គល​ (ពាក្យ “បេត” ជា​ពាក្យ​បាលី​ ឯពាក្យ “ប្រេត” ជាពាក្យសំស្រ្កឹត)
2.ដើម្បី​ឲ្យ​បាន​សេចក្តី​សុខ​ចម្រើន​ សិរី​សួស្តី​ដែល​កើត​ពី​ផល​ទាន​របស់​ខ្លួន។
3.ដើម្បី​បង្កើត​សាមគ្គី​របស់​ជាតិ​ គឺ​ការ​ស្រុះស្រួល​គ្នា​ទាំង​ពេល​វេលា​កំណត់​ទាំង​ការ​ធ្វើ​នំគម អន្សម ពេញទូទាំង ​ព្រះរាជាណាចក្រ​កម្ពុជា​ យើង​ក៏​អាច​កត់​សម្គាល់​ នូវ​ពាក្យ​មួយ​ទៀត​ថា​ “បុណ្យ​សែន​ដូនតា” ដែល​ជា​ពាក្យ​សាមញ្ញ​សម្រាប់​ប្រជារាស្ត្រ​ខ្លះ​ ព្រោះ​ថា​ពាក្យ​ទាំងពីរ​គឺ​មាន​ន័យ​ដូច​គ្នា។

កាល​ពី​សម័យ​បុរាណកាល​ គេ​ធ្វើ​ពិធី​បុណ្យ​នេះ​គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត​ ទំនុក​បម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈ​ពេល​៣​ខែ​ ចាប់​តាំង​ពី​ថ្ងៃ​ចូល​វស្សា​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។ នៅ​ក្នុង​ចំណេរ​ កាល​បុរាណ​បាន​ចារ​ថា​ ដោយ​នៅ​ក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ រលឹម​ពព្រិច​ ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ធ្វើ​គោចរ​បិណ្ឌបាត។​ ហេតុ​ដូច្នេះ​ ទើប​បណ្ដា​ពុទ្ធ​បរិស័ទ​នាំ​គ្នា​រៀបចំ​ពិធី​នេះ​ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។​ ម្យ៉ាង​វិញ​ទៀត​ នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេតជនញាតិ​ និង​ញាតិ​ទាំង​៧​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​នោះ​ផង​ដែរ​ តាម​រយៈ​អនុភាព​នៃ​សង្ឃគតាទក្ខិណាទាន​ ដែល​រស់​រង​ទុក្ខ​វេទនា​ កើត​ជា​ប្រេត​មាន​កម្មពៀរ​ ជាប់​ទោស​ធ្ងន់​ រងកម្ម​ក្រហល់​ក្រហាយ​អត់ឃ្លាន​ទាំងអស់​នោះ​ បាន​រួច​ផុត​ពី​ក្ដី​លំបាក​សោកសៅ។

ការ​ប្រារព្ធ​ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ
ចំពោះ​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ បុរាណាចារ្យ​រាជបណ្ឌិត​ខ្មែរ​យើង​បាន​រៀបចំ​រយៈ​ពេល​១៥​ថ្ងៃ​ ដោយ​ចាប់​គិត​ពី​ថ្ងៃ​ទី​០១​រោច​ ដល់​ថ្ងៃ​ទី​១៥​រោច​ ខែ​ភទ្របទ​ ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិស​កុសល​ទៅ​ដល់​បេតជន​ញាតិ​ដែល​បាន​ស្លាប់​ទៅ។

នៅ​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​ នៃ​ការ​កាន់​បិណ្ឌ​ ឬ​ដាក់​បិណ្ឌ​នេះ​ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ទាំងអស់​ជាពិសេស​ក្រុម​នីមួយៗ​ដែល​បាន​រៀបចំ​ជា ​ក្រុម​ដោយ​លោក​តា​អាចារ្យ​ចាត់ចែង​នោះ​ ត្រូវ​បែងចែក​ចេញ​៣​ឬ​៤​ក្រុម​តូចៗ​ ដើម្បី​រៀបចំ​ធ្វើ​យាគូ​ ឬ​ធ្វើ​ភត្តាហារ​ជា​៣​ទៅ​៤​ឆ្នាំង​ ស្មើ​នឹង​៣​ទៅ​៤​មុខ​ម្ហូប។

ពេល​ទូង​ស្គរ​ចំណាំ​វស្សា​ អ្នក​នៅ​ក្នុង​ក្រុម​វេន​នីមួយៗ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ចង្ហាន់​ ហើយ​យាយ​តា​ចាស់ៗ​ក្នុង​ក្រុម​វេន​ ត្រូវ​ជ្រើស​រើស​យក​ផ្ទះ​ណាមួយ​ដើម្បី​ប្រមូល​នំនែក​រៀបចំ​បាយ​បិណ្ឌ​ បាយ​បត្តបូរ។​ រៀបចំ​រួច​ហើយ​ត្រូវ​នាំ​គ្នា​ទៅ​វត្ត​ស្ដាប់​លោក​សូត្រ​ថ្វាយ​បង្គំ​ធម៌​ សុខោ​ និង​ធម៌បរាភវសូត្រ។​ ចំណែក​ឯ​កូន​ចៅ​ដែល​នៅ​ផ្ទះ​ ត្រូវ​នាំ​គ្នា​ខិត​ខំ​ដុត​ដៃ​ដុត​ជើង​បបរ​ឬ​ស្លស្លុក​តាម​មុខ​ម្ហូប​នីមួយៗ ​ដោយ​ឡែក​ពី​គ្នា។​ លុះ​ដល់​ពេល​ព្រឹក​ព្រាង​អរុណោទ័យ​ត្រូវ​នាំ​គ្នា​រៀបចំ​ខ្លួន​ កណ្ដៀត​ យួរ​ កាន់​ ទូល​ រែក​ចង្ហាន់​ទៅ​វត្ត។

នៅ​ក្នុង​វត្ត​ លោក​តា​អាចារ្យ ​ត្រូវ​រៀបចំ​ពី​ធី​រាប់បាត្រ​នៅ​លើ​ឧបដ្ឋាន​សាលា។​ បន្ទាប់​មក​លោក​អាចារ្យ​ជា​ប្រធាន​ ត្រូវ​នាំ​ពុទ្ធបរិស័ទ​វេរ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ វេរ​បាយ​បត្តបូរ។ល។​ លុះ​ដល់​ពេល​ព្រះសង្ឃ​ធ្វើ​បត្តានុមោទនគាថា​ចប់​ មេ​វេន​ក្រុម​នីមួយៗ​ត្រូវ​រៀបចំ​ម្ហូប​អាហារ​ ចំណី​ចូល​គំនាប់​ជូន​លោក​តា​អាចារ្យ​វត្ត​ ព្រម​ទាំង​ចាត់ចែង​ភោជនាហារ​ទទួល​ភ្ញៀវ​ដែល​អញ្ជើញ​ទៅ​បុណ្យ​នៅ​ក្នុង​ថ្ងៃ​ វេន​របស់​ខ្លួន​នោះ​ផង​ដែរ។

ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​ មាន​រៀបចំ​កញ្ចប់​ចតុប្បច្ច័យ​ (ស៊ង)​ ប្រគេន​គ្រប់​ភិក្ខុ​សាមណេរ។​ ឯ​គណៈកម្មការ​វត្ត​បាន​ចាត់ចែង​នំ​អន្សម​ នំ​គម​ និង​បាយ​បត្តបូរ​ឲ្យ​ទៅ​សិស្ស​គណទុក​ប្រគេន​ភិក្ខុ​សាមណេរ​តាម​ចំណែក​ សម្រាប់​ធ្វើ​ចង្ហាន់​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់។​ ម្យ៉ាង​វិញ​ទៀត​ ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ កាល​ពី​សម័យ​បុរាណ​មាន​​ លេង​ល្បែង​ប្រណាំង​ក្របី​ សេះ​ ចាប់​ពី​២-៣​គូ​ ទៅ​តាម​តំបន់​រៀងៗ​ខ្លួន​ ដើម្បី​អបអរ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​បង្ហើយ។​ លើស​ពី​នេះ​ទៅ​ទៀត​ក្របី​ សេះ​ និង​របស់​ដែល​ត្រូវ​ប្រកួត​ គេ​បាន​តុបតែង​លំអ​ដោយ​ប្រេង​ លាប​ពណ៌​រលើបរលោង​ មាន​ពាក់​ប្រឡៅ​ កណ្ដឹង​ត្រដោក​ ឬ​ចង្ក្រង​ជាដើម។​ កន្លែង​ខ្លះ​ទៀត​មាន​លេង​ល្បែង​ផ្សេងៗ​ខុស​ពី​នេះ​។​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ទំនៀមទម្លាប់​នេះ​ចេះ​តែ​បាត់ៗ​ រួញ​ថយ​បន្តិច​ម្ដងៗ​ សាសនា​កាន់​តែ​កន្លង​វែង​ទៅ​ នាំ​ឲ្យ​ការ​ប្រកាន់​ខ្ជាប់​ស្ទើរ​តែ​បាត់បង់​ច្រើន​ណាស់​ដែរ។

ការ​បោះ​បាយ​បិណ្ឌ
សព្វ​ថ្ងៃ​ បាយ​បិណ្ឌ​ គឺ​ជា​ពំនូត​បាយ​​ដំណើប​ចំអិន​ជា​មួយ​ខ្ទិះ​ដូង ហើយ​លាយ​ជា​មួយ​គ្រឿង​ផ្សំ​ផ្សេង​ៗ​ទៀត ​ទៅ​​តាម​ការ​និយម​របស់​អ្នក​ស្រុក​ក្នុង​តំបន់​នីមួយៗ​។ គេ​ដាក់​បាយ​បិណ្ឌ​ក្នុង​ថាស​មួយ​​យក​ទៅ​វត្ត។ នៅ​កណ្ដាល​បាយ​បិណ្ឌ​ មាន​​បាយ​បិត​បូរ​ ដែល​គេ​ដាក់​លើ​​ជើង​ពាន​តូច​មួយ។ បាយ​បិត​បូរ​ ដូច​គ្នា​នឹង​បាយ​បិណ្ឌ​ដែរ​ ប៉ុន្តែ​គេ​ធ្វើ​រាង​ស្រួច​ដូច​សាជី​ ហើយ​ធ្វើ​គម្រប​ស្លឹក​ចេក​​គ្រប​ពី​លើ​​ដោយ​ចោះ​កំពូល​ទុក​ដោត​ទៀន​ធូប​និង​ផ្កា។ នៅ​តំបន់​ខ្លះ​ គេ​​ធ្វើ​​បាយ​បិណ្ឌ​ដាក់​ក្នុង​​កន្ទោង​​ចំនួន​៨​ព័ន្ធ​ជុំ​វិញ​បាយ​បិត​បូរ​ ហើយ​ក្នុង​​កន្ដោង​នីមួយ​ៗ​មាន​ពំនូត​បាយ​​បិណ្ឌ​ពី​មួយ​ដុំ​ទៅ១៥​ដុំ។

ក្រៅ​ពី​ដង្វាយ​ផ្សេង​ៗ​ក្នុង​សាលា​បុណ្យ​​​នៃ​​​វត្ត​ គេ​នាំ​គ្នា​​រៀប​ចំ​តុបតែង​ធ្វើ​ផ្កា​បិណ្ឌ​ ​ដែល​មាន​​រាង​មូល​ស្រួច​ដូច​​សាជី​។ នៅ​​លើ​​កំពូល​ផ្កា​បិណ្ឌ​ គេ​ធ្វើ​រូបហង្ស​ទ្រ​ទៀន​ ដែល​គេ​អុជ​រាល់​យប់​នៅ​ពេល​កាន់​បិណ្ឌ។ គេ​ថា​​ផ្កា​បិណ្ឌ​នេះ​ជា​​ដង្វាយ​ចំពោះ​ព្រះ​ចូឡា​មណី។

មុន​ថ្ងៃ​ភ្ជុំ​បិណ្ឌ​មួយ​ថ្ងៃ​ គឺ​នៅ​ថ្ងៃ​​១៤​រោច​ នៅ​តាម​ផ្ទះ​នីមួយ​ៗ​​គេ​និយម​​ធ្វើ​នំ​អន្សម​ នំ​គម​ នំ​ធ្មៃ​ សម្រាប់​យក​ទៅ​ប្រគេន​ព្រះ​សង្ឃ​ ឧទ្ទិស​​ដល់​អ្នក​ស្លាប់​​ទៅ​ហើយ​ផង​​ ចែក​ចាយ​ដល់​អ្នក​ជិត​ខាង​ឬ​មិត្តភ័ក្តិ​​ផង។ នៅ​វេលា​​យប់​នៃ​ថ្ងៃ​នេះ​ នៅ​ឯ​វត្ត​​មាន​ ធ្វើ​​ពិធី​បង្សុកូល​ដល់​​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ដែល​​បាន​បាត់​​ជីវិត​ទៅ​ហើយ ដោយ​​មាន​ការ​សូត្រ​ធម៌​ និង​សម្ដែង​ធម៌​ទេសនា​​រហូត​ទល់​ភ្លឺ។ ​លុះ​ស្អែក​ឡើង​ថ្ងៃ​១៥​រោច្រ​ ខែ​ភទ្របទ​ ដែល​ជា​ថ្ងៃ​​ចុង​ក្រោយ​ នៃ​ពិធី​កាន់​បិណ្ឌ​ ហើយ​ដែល​​ជា​ថ្ងៃ​សំខាន់​ជាង​គេ​ អ្នក​ស្រុក​គ្រប់​ផ្ទះ​​នាំ​គ្នា​​ធ្វើ​ដំណើរ​ទៅ​ប្រជុំ​នៅ​វត្ត។ អ្នក​ខ្លះ​កាន់​​បាយ​បិណ្ឌ​ បាយ​បិត​បូរ​ ខ្លះ​កាន់​អន្សម​ នំគម​ នំ​ធ្មៃ​ និង​នំ​ចំណី​​ផ្សេង​ៗ​ខ្លះ​ទៀតកាន់​ចាន​ស្រាក់​ដាក់​ចង្ហាន់​ទោ​ប្រគេន​ព្រះសង្ឈ។

ក្រៅ​ពី​កាន់​បិណ្ឌ​នៅ​ឯវត្ត​ មាន​វិធី​សែន​ព្រេន​នៅ​តាម​ផ្ទះ​នីមួយ​ៗ​​នៅ​វេលា​​យប់​ថ្ងៃ​​បង្ហើយ​នេះ។ នៅ​កណ្ដាល​ល្វែង​ផ្ទះ​ គេ​ក្រាល​​កណ្ដាល​​មួយ​ហើយ​ដាក់​​ខ្នើយ​មួយ​នៅ​លើ​ក្បាល​កន្ទេល​នោះ​ រួច​យក​សំពត់​ស​ មក​ក្រាល​ពី​លើ​ខ្នើយ​ និង​កន្ទេល​មួយ​ជាន់​ទៀត។ ​​នៅ​ជុំ​វិញ​កន្ទេល​​គេ​រៀប​ថាស​ ម្ហូប នំ​ ចំណី​ បាយ​បិត​បូរ​ បាយ​​បិណ្ឌ​ ផ្ដិល​ទឹក​ ពាន​ស្លាម្លូ​ ពាន​បារី។ រួច​ហើយ​​គ្រួសារ​ទាំង​អស់​ត្រូវ​មក​អង្គុយ​ជុំ​វិញ​រណ្ដាប់​ទាំង​នោះ។ លុះ​ជុំ​គ្នា​ហើយ​ មេ​គ្រួសារ​​អុជ​ទៀន ធូប​ អញ្ញើញ​​វិញ្ញាណក្ខន្ធ​ដូន​តា​មក​ពិសា​​ក្រយា​នេះ​​ឲ្យ​បរិបូណ៌​​ ហើយ​សុំ​ឲ្យ​​ជួយ​ថែ​ទាំ​កូន​ ចៅ​ដែល​នៅ​រស់​ឲ្យ​បាន​​សេចក្ដី​សុខ​​សប្បាយ​ផង។ លុះ​ព្រឹក​ព្រហាម​ឡើង​ គេ​រៀប​ចំ​នំ​ចំណី​ក្នុង​កូន​ទូក​ធ្វើ​​អំពី​​ដើម​ចេក​ ហើយ​បណ្ដែត​​ទឹក​ដើម្បី​ជូន​ដំណើរ​ដូន​តា​ទៅ​វិញ។

អត្ថន័យ​នៃ​បុណ្យ​​ភ្ជុំ​បិណ្ឌ
បើ​ទោះ​បី​ជា​​គេ​មាន​ជំនឿ​ថា​​​មាន​​ខ្មោច​ឬ​ប្រេត​ក្ដី​ ឬ​គ្មាន​ក្ដី​​ ក៏​ពិធី​បុណ្យ​នេះ​មាន​អត្ថន័យ​ធំ​ធេង​ ដើម្បី​ឧទ្ទិស​ផលានិសង្ស​​ដល់​ជន​ដែល​ធ្វើ​មរណកាល​ទៅ​ហើយ​ និង​អញ្ជើញ​វិញ្ញាណក្ខន្ធ​​របស់​ដូនតា​ ម៉ែ​ឪ​ ញ្ញាតិ​មិត្ត​ជិត​ឆ្ងាយ​ ពិសា​ចំណី​អាហារ។ ​នេះ​ជា​វិធី​បុណ្យ​មួយ​សម្ដែង​ឲ្យ​ឃើញ​ កត​វេទិតាធម៌​នូវ​កតញ្ញុតាធម៌​ចំពោះ​បុរព្វបុរស​​ដែល​លោក​បាន​កសាង​ទឹក​ដី បន្សល់​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ។ បើ​និយាយ​ពី​ផ្នែក​អាណាចក្រ​វិញ​​ វិធី​បុណ្យ​នេះ​​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សាមគ្គីភាព​យ៉ាង​ទូលំ​ទូលាយ​ រវាង​បព្វជិត និង​គ្រហស្ថ​ រវាង​ពុទ្ធ​បរិស័ទ​ និង​ពុទ្ធបរិស័ទ​ រវាង​សមាជិក​គ្រួសារ​ និង​អ្នក​ជិត​ខាង។ គេ​សង្កេត​ឃើញ​ថា​ កូន​ចៅ​ ដែល​ធ្លាប់​ទាស់​គ្នា​ អាច​អត់​អោន​ យោគយល់​​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​ពេល​ប្រារព្ធ​វិធី​បុណ្យ​នេះ​​​ជា​មួយ​គ្នា​ ដោយ​សន្យា​ចំពោះ​មុខ​​វិញ្ញាណក្ខន្ធ​ឪពុក​ម្ដាយ​ថា​​នឹង​រូបរួម​គ្នា​ ដូច​បណ្ដាំ​​របស់​គាត់។ គួរ​យើង​រៀប​ចំ​វិធី​បុណ្យ​តាម​លទ្ធភាព​របស់​យើង​ ដូច​ជា​​ ផ្កា​ ទៀន ធូប បន្តិច​ ដល់​ឪពុក​ម្ដាយ​ អាណាព្យាបាល​ ឬ​លោក​យាយ​ លោក​តា​ ដែល​នៅ​ជិត​ខាង​ ដើម្បី​ជា​សេចក្ដី​សុខ​ដឹង​គុណ​ផង​ និងដើម្បី​ជា​និមិត្តរូប​ នៃ​សាមគ្គីភាព​​ដ៏​ទូលំ​ទូលាយ៕